ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅថ្ងៃទី ៤ កុម្ភៈនេះ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពនៃនីតិវិធី ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅកម្ពុជា រួមទាំងការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា (ថ្ងៃទី ២១ ខែមករា) និង រដ្ឋសភា (ថ្ងៃទី ១៦ ខែមករា)។
យោងតាមសេចក្តីប្រកាសព័ត៌មាន ទូតជប៉ុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន រួមទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS តាមរយៈការរៀបចំសិក្ខាសាលាដោយមានអញ្ជើញអ្នកជំនាញ និងមធ្យោបាយផ្សេងៗទៀត។ រដ្ឋាភិបាលជប៉ុននឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និង អភិវឌ្ឍសណ្តាប់ធ្នាប់សមុទ្រដោយសេរី និង បើកចំហ ដែលផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញា UNCLOS ហើយនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែមករា ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដោយសំឡេងគាំទ្រពីសមាជិកទាំង ៥៨ សំឡេង។អនុសញ្ញាមួយនេះ បានកំណត់អំពីក្របខណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និង កាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប៕