ថៃ៖ ប៉ូលីសថៃបានដាក់ហាងលក់មាសថៃប្រហែល ១០០ កន្លែងក្នុងចំណោមហាងមាសប្រមាណ ១,០០០ ទីតាំងនៅក្នុងទីក្រុងបាងកក ស្ថិតនៅក្នុងទីតាំងដែលងាយនឹងប្លន់ ហើយណែនាំម្ចាស់ហាងឱ្យបង្កើនសន្តិសុខសម្រាប់សុវត្ថិភាពរបស់សាធារណជន និងអ្នកទេសចរ។ ការព្រមានរបស់ប៉ូលីសថៃនេះធ្វើឡើងបន្ទាប់ពីមានករណីប្លន់មាសដ៏សាហាវមួយបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ កុម្ភៈ នៅក្រុងហាត់យ៉ៃ ខេត្តសុងក្លា ដែលជនសង្ស័យម្នាក់បានចូលប្លន់ហាងមាសដោយប្រើញញួរវាយបំបែកទូកញ្ចក់ហាងមាសក្នុងផ្សារយកមាសអស់ ៣៣ តម្លឹង (តម្លៃប្រមាណ ២,៤ លានបាត) និងបានគេចខ្លួនបាត់ស្រមោល។
ប៉ូលីសថៃបានអំពាវនាវឲ្យអាជីវករលក់មាសនៅក្នុងតំបន់ក្រហមដែលមានឧក្រិដ្ឋកម្មខ្ពស់ គួរតែពិចារណាជួលឆ្មាំសន្តិសុខដែលបានទទួលការបណ្តុះបណ្តាល ដំឡើងរបារសន្តិសុខ និងធ្វើឱ្យប្រាកដថាការធានារ៉ាប់រងហាងរបស់ពួកគេគ្រប់គ្រាន់ការពារពីការប្លន់ផ្សេងៗ។ ការិយាល័យនគរបាលភូមិន្ទថៃបានបញ្ជាឱ្យមន្រ្តីជំនាញណែនាំប្រតិបត្តិករហាងមាសនៅក្នុងតំបន់របស់ពួកគេឱ្យអនុវត្តសន្តិសុខដ៏តឹងរ៉ឹងជាងមុន និងមានការយាមកាមកាន់តែតឹងតែងជាមុនចៀសវាងកើតមានការប្លន់ផ្សេងៗ។