តាកែវ៖ សណ្ឋាគារផ្កាយ៤ និងរីសត “រីវើរគោកធ្លក” តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើងនៅក្រុងដូនកែវ ក្នុងពេលឆាប់ៗខាងមុខនេះ។ស្ថាបត្យកម្មនៃសណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយដកស្រង់លំនាំតាម «ប្រាសាទភ្នំដា» ដែលជាមរតកវប្បធម៌ដ៏ល្បីល្បាញរបស់ខេត្តតាកែវ។
វត្តមាននៃសណ្ឋាគារ និង មជ្ឈមណ្ឌលកម្សាន្ត "រីវើរគោកធ្លក" នេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និង មានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង ដែលនឹងជួយបង្កើតការងារ និង ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះបើយោងតាមលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ។
បើតាមលោក វ៉ី សំណាង បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និង សណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។
លោកស្រី នូវ គន្ធា ប្រធានក្រុមហ៊ុន វែលខម ស្ដាយ រីវើរ (ខេមបូឌា) បានថ្លែងឲ្យដឹងថា ស្ថាបត្យកម្មនៃសណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយដកស្រង់លំនាំតាម «ប្រាសាទភ្នំដា» ដែលជាមរតកវប្បធម៌ដ៏ល្បីល្បាញរបស់ខេត្តតាកែវ។ចំពោះសំណង់ខាងក្រៅនៃសណ្ឋាគារ គឺជារចនាបថខ្មែរ ១០០ភាគរយ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ប៉ុន្តែផ្នែកខាងក្នុង ត្រូវបានរៀបចំជាបែប 'កូនកាត់អឺរ៉ុប' (Hybrid Europe) ដើម្បីធានាបាននូវភាពស៊ីវិល័យ ផាសុកភាព និងតម្រូវចិត្តភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ទាំងភ្ញៀវជាតិ និងអន្តរជាតិ"។
គួបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះរួមមាន៖ សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕