ចិន៖ ពលរដ្ឋចិន ក្នុងស្រុកដាស៊ូ ក្នុងក្រុងឆុងឈីង ភាគនិរតីនៃប្រទេសចិន បានរៀបចំពិធីបុណ្យបង្ហោះគោមយ៉ាងស្រស់ស្អាត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ។ ការដាក់តាំងបង្ហាញគោមនេះ បានបញ្ចូលនូវអត្តសញ្ញាណក្នុងតំបន់យ៉ាងប្លែកភ្នែក ដូចជាការចម្លាក់ថ្មដ៏ល្បីល្បាញ ផ្កាបេហ្គោនី (Begonia) និងនាគភ្លើង ដោយប្រើប្រាស់បច្ចេកវិទ្យាពន្លឺទំនើបៗរបស់ចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន ចំណុចទាក់ទាញបំផុតនៃការតាំងបង្ហាញក្នុងវិធីបុណ្យនេះគឺ គោមឈូកដែលមានកម្ពស់ ១០ម៉ែត្រ នៅទីលាន Hongsheng និងគោមរូបតុក្កតាយក្សនៅសួន Xiangguo រួមជាមួយនឹងការតុបតែងភ្លើងពណ៌តាមដងផ្លូវយ៉ាងស្រស់ត្រកាល។ អាជ្ញាធរចិនអះអាងទៀតថាពិធីបុណ្យបង្ហោះគោមនៅស្រុកដាស៊ូនេះ នឹងបន្តដាក់បង្ហាញជូនសាធារណជនទស្សនារហូត ទី៣ ខែមីនា ឆ្នាំ២០២៦៕