ថៃ៖ មន្ត្រីនគរបាលថៃម្នាក់ ក្នុងខេត្តឈៀងម៉ៃ នៅថ្ងៃ៣ កុម្ភះ បានឱ្យទម្លាយការពិត ទាក់ទងនឹង គ្រូស្រីថៃម្នាក់ឈ្មោះ«គ្រូប៉ូ» ដែលត្រូវជាសង្សាររបស់ខ្លួន បានសម្រេចចិត្តបញ្ចប់ជីវិតក្នុងរថយន្ត កាលពីចុងខែមករាកន្លងទៅ។
យោងតាមការរៀបរាប់ ដើមហេតុនៃរឿងនេះបានចាប់ផ្តើមឡើងបន្ទាប់ពីនាយកសាលាបានហៅគ្រូប៉ូទៅជួបពិភាក្សា រហូតធ្វើឱ្យនាងមានអាការៈតានតឹងខ្លាំង ហើយបានបើករថយន្តចេញពីសាលាបាត់ស្រមោល មុនពេលត្រូវគេប្រទះឃើញសាកសពនៅក្នុងរថយន្តនាពេលយប់ជ្រៅ។ នៅក្នុងទូរស័ព្ទដៃរបស់ជនរងគ្រោះ គេបានរកឃើញសារលាចុងក្រោយដែលពោរពេញដោយភាពឈឺចាប់ ដោយនាងបានរៀបរាប់ពីសម្ពាធការងារ និងការដែលនាងត្រូវគេតាមចាប់កំហុសមិនចេះចប់មិនចេះហើយ ទោះបីជានាងខំប្រឹងកែប្រែយ៉ាងណាក៏ដោយ។
តាមសង្សារជនរងគ្រោះបានបង្ហើបប្រាប់កាសែតថៃ Khaosod គ្រូប៉ូធ្លាប់ត្រូវបានគេបង្គាប់ឱ្យយកប្រាក់សាលារាប់លានបាតទៅរក្សាទុកក្នុងគណនីផ្ទាល់ខ្លួន ប៉ុន្តែចុងក្រោយបែរជាសាលាបង្កើតគណៈកម្មការស៊ើបអង្កេត និងចោទប្រកាន់នាងថាបានកិបកេងប្រាក់ទាំងនោះទៅវិញ។
បច្ចុប្បន្ន គណៈកម្មការអប់រំមូលដ្ឋាន បានបញ្ជូនមន្ត្រីចុះផ្ទាល់ដើម្បីស៊ើបអង្កេតរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ខណៈដែលសង្សាររបស់នាងបានប្តេជ្ញាថានឹងបន្តទាមទារភាពស្អាតស្អំជូនគ្រូប៉ូ ដែលជាគ្រូថ្នាក់ក្រោមដែលត្រូវបានគេបង្ខំឱ្យធ្វើតាមបញ្ជា រហូតដល់ជួបនូវបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះ។