ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ កុម្ភៈ បានចេញសេចក្តីប្រកាសពីការតវ៉ាយ៉ាងដាច់អហង្ការ ទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយបានបញ្ជាក់ថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិ។
បើតាមប្រសួងវប្បធម៌ កម្ពុជា មិនអាចទទួលយកបាននូវ៖ ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬ សកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទាំងនេះ។
ក្រសួងវប្បធម៌ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ក្រសួងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបាន គាំទ្រដោយអង្គការអន្តរជាតិ៕