កំពង់ឆ្នាំង៖ អង្គភាពជំនាញ៣ប្រទេស កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានធ្វេីការពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop) នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។
អង្គភាពជំនាញចំនួន ៣ប្រទេសគឺ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដោយគាំទ្រនិងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA។
សិក្ខាសាលានេះ បានផ្តល់ឱកាសដល់អង្គភាពជំនាញទាំង ៣ប្រទេសកម្ពុជា ឡាវ និងវៀតណាម ធ្វេីការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។ ទន្ទឹងនឹងនេះ សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍជូនដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាម។
តាមរយៈកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃសិក្ខាសាលា ត្រូវចុះពិនិត្យកិច្ចប្រតិបត្តិជាក់ស្តែង ក្នុងការបោសសម្អាតចម្ការគ្រាប់របស់អង្គភាពCMAC នៅភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងជាដេីម៕