កុងហ្គោ៖ មានយ៉ាងហើចណាស់កម្មករជីកអណ្តូងរ៉ែប្រមាណជាង ២០០ នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់រំលំអណ្តូងរ៉ែនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីសប្តាហ៍មុននេះ។ អណ្តូងរ៉ែដែលស្ថិតនៅក្នុងទីក្រុង Rubaya បានបាក់ស្រុតកាលពីថ្ងៃពុធ ដោយសារតែភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមលោក Lumumba Kambere Muyisa អ្នកនាំពាក្យរបស់អភិបាលខេត្តឧទ្ទាមនៃតំបន់ North Kivu បានប្រាប់អ្នកយកព័ត៌មាន។
អ្នកនាំពាក្យរបស់អភិបាលដដែលបានបញ្ជាក់ទៀតថាចំនួនអ្នកស្លាប់ហើយនឹងបន្តកើនឡើងទៀតដោយសារតែពេលនេះប្រតិបត្តិការជួយសង្រ្គោះ និងរុករកកំពុងតែបន្ត លោកថាស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកដែលកំពុងជីកយករ៉ែកូលតាន ដែលប្រើសម្រាប់ផលិតគ្រឿងអេឡិចត្រូនិចដូចជាស្មាតហ្វូន និងកុំព្យូទ័រ។
អាជ្ញាធរកុងហ្គោបានស្តីបន្ទោសការស្លាប់ទៅលើពួកឧទ្ទាម ដោយអះអាងថា ពួកគេកំពុងដាក់ជីវិតរបស់ជនស៊ីវិលឱ្យប្រឈមនឹងហានិភ័យតាមរយៈការអនុញ្ញាតឱ្យមានការជីកយករ៉ែខុសច្បាប់ដោយមិនអនុវត្តស្តង់ដារសុវត្ថិភាព។ អាជ្ញាធរកុងហ្គោបន្តទៀតថាពួកគេបានហាមឃាត់ការជីកយករ៉ែនៅក្នុងតំបន់នេះកាលពីឆ្នាំមុន ទោះបីជាពួកឧទ្ទាមបានដណ្តើមយកការគ្រប់គ្រងអណ្តូងរ៉ែរួចហើយក្តី៕