ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានផ្តល់អាជ្ញាបណ្ណទេសចរណ៍ចំនួន ៣ ៩៨៦ អាជ្ញាបណ្ណ ក្នុងនោះអាជ្ញាបណ្ណថ្មីមានចំនួន ៣៥០ បណ្ណ និងអាជ្ញាបណ្ណបន្ត ៣ ៦៣៦ បណ្ណ។ ឧស្សាហកម្មទេសចរណ៍ទាំងនោះ មានប្រភេទសេវាកម្មខុសៗគ្នាដូចជា សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សេវាកម្សាន្ត ម៉ាស្សា ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍មួយចំនួនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ សេវាកម្មទេសចរណ៍ដែលទទួលបានអាជ្ញាបណ្ណថ្មីទាំង ៣៥០ បណ្ណ មានដូចជា៖ សណ្ឋាគារ ១២៩ បណ្ណ, ផ្ទះភ្ញៀវ ១៣ បណ្ណ, ភោជនីយដ្ឋាន ៤៤ បណ្ណ, ម៉ាស្សា ៦ បណ្ណ, ទេសចរម៉ាយ (MICE) ៣ បណ្ណ, ទីភ្នាក់ងារទេសចរណ៍ ៦៣ បណ្ណ, សេវាកម្សាន្ត ០ បណ្ណ, កីឡាទេសចរណ៍ ១០ បណ្ណ, រមណីយដ្ឋាន ៩ បណ្ណ, មគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិ ៣ បណ្ណ, មគ្គុទេសក៍ទេសចរណ៍តំបន់ភ្នំពេញ ១០ បណ្ណ, មគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប ៧ បណ្ណ, មគ្គុទេសក៍ទេសចរណ៍តំបន់ឆ្នេរ ១ បណ្ណ, មគ្គុទេសក៍ទេសចរណ៍អ្នកបកប្រែភាសា ៥២ បណ្ណ។
គួរបញ្ជាក់ថា គ្រប់នាយកដ្ឋានក្រោមចំណុះនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីសម្រេចបេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូនលើការពង្រឹងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ គុណភាពសេវាកម្មទេសចរណ៍ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាពិសេសការជំរុញការអនុវត្តយុទ្ធនាការ«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ៕