ចិន៖ និស្សិតស្រីជនជាតិចិនម្នាក់ឈ្មោះ Huang Xinyi អាយុ ២២ឆ្នាំ ដែលជានិស្សិតនៅសកលវិទ្យាល័យ Lingnan ក្នុងទីក្រុងហុងកុង ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ ពីបទបោកប្រាស់ក្នុងការប្រើប្រាស់លទ្ធផលប្រឡង TOEFL ក្លែងក្លាយ ដើម្បីបំពេញលក្ខខណ្ឌបញ្ចប់ការសិក្សា។ តាមការស៊ើបអង្កេត និស្សិតរូបនេះបានសារភាពថា ខ្លួនបានប្រឡងធ្លាក់ចំនួន ៤ដងរួចមកហើយ ទើបសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីប្រឡងម្ដងទៀតព្រោះលឺដំណឹងថាប្រឡងស្រួលជាងប្រទេសខ្លួន នាងបានរៀបរាប់ទៀតថាដោយសារមានបញ្ហាសុខភាពកៀកថ្ងៃប្រឡង នាងក៏សម្រេចចិត្តជួលមនុស្សម្នាក់ឱ្យចូលប្រឡងជំនួសខ្លួន ក្នុងតម្លៃ ៣០០ដុល្លារ។
ផ្អែកតាមសេចក្តីរាយការណ៍របស់ The standard តាមចម្លើយពីខាងសាកលវិទ្យាល័យ បន្ទាប់ពីពិនិត្យឃើញរូបថតក្នុងលទ្ធផលប្រឡង ខាងសកលវិទ្យាល័យមានការសង្ស័យលើរូបនាង ព្រោះហាក់មិនដូចរូបសម្រស់ពិតប្រាកដរបស់នាងសោះឡើយ ហើយក្រោយការផ្ទៀងផ្ទាត់ជាមួយស្ថាប័ន TOEFL ទើបដឹងថាមានការបន្លំពិតមែន។
ចៅក្រម ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះទង្វើនេះ ដោយចាត់ទុកថាជាការ «លាងជម្រះលក្ខខណ្ឌសញ្ញាបត្រ» (qualification laundering) ដែលប៉ះពាល់ដល់តម្លៃអប់រំយ៉ាងខ្លាំង។ ដោយឡែក និស្សិតចិនម្នាក់ទៀតអាយុ ២៤ឆ្នាំ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ខែផងដែរ ក្រោមបទល្មើសស្រដៀងគ្នានេះ៕