ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា ប្រកាសបើកពាក្យកម្មវិធីអាហារូបករណ៍ Australia Award សម្រាប់និស្សិតកម្ពុជាដែលមានគោលបំណងសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសអូស្ត្រាលី។ ចំពោះអាហារូបករណ៍នេះ និស្សិតអាចជ្រើសរើសគ្រប់ជំនាញដែលខ្លួនពេញចិត្ត លើកលែងតែជំនាញចំនួន ១២ដែលទាក់ទងនឹងធុរកិច្ច។
យោងតាមគេហទំព័រផ្លូវការរបស់ Australia Award អាហារូបករណ៍នេះនឹងគ្របដណ្តប់លើថ្លៃធ្វើដំណើរ ថ្លៃសិក្សា ការហូបចុក ការស្នាក់នៅ ផ្តល់ជូននូវធានារ៉ាប់រងសុខភាព និងថ្លៃចំណាយផ្សេងៗទៅលើការសិក្សា ដែលមានដូចជាការចុះកម្មសិក្សាស្រាវជ្រាវជាដើម។ បន្ថែមពីលើនេះទៀត បើសិនជាបេក្ខជនជាប់ជ័យលាភី អាហារូបកណ៍នឹងផ្តល់ថ្នាក់វគ្គបណ្តុះបណ្តាលរយៈពេល ៣សប្តាហ៍មុនពេលចេញដំណើរ និងថ្នាក់ភាសាអង់គ្លេសរយៈពេល៦ខែសម្រាប់អ្នកដែលកម្រិតភាសាមិនទាន់ឆ្លើយតបនឹងតម្រូវការ។ អំឡុងពេលវគ្គបណ្តុះបណ្តាលបេក្ខជន នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។ ក្នុងនោះសម្រាប់បេក្ខជនដែលបម្រើការងារក្នុងជួររដ្ឋាភិបាលនឹងទទួលបាន ២១០ដុល្លារសម្រាប់អ្នកភ្នំពេញ និង៣៣០ដុល្លារសម្រាប់អ្នករស់នៅតាមខេត្ត។ រីឯបេក្ខជនដែលមិនបម្រើការងារក្នុងជួររដ្ឋាភិបាល នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៧០ដុល្លារ និង៣៧០ដុល្លារសម្រាប់អ្នកខេត្ត។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ។ ស្របគ្នានេះ បេក្ខជនត្រូវតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ បើសិនជាបេក្ខជនមានបំណងដាក់ពាក្យសម្រាប់ថ្នាក់អនុបណ្ឌិត និងបញ្ចប់ថ្នាក់អនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត។ មួយវិញទៀតបេក្ខជនត្រូវតែមានជំនាញទៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស (IELTS 6.0 ឬឯកសារតេស្តអង់គ្លេសដែលមានតម្លៃសមមូល)។ បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា ឯកសារតេស្តភាសាអង់គ្លេស ព្រឹត្តិបត្តិពិន្ទុជាភាសាអង់គ្លេស ប្រវត្តិរូបសង្ខេបទៅតាមគំរូដែលបានកំណត់ លិខិតបញ្ជាក់សញ្ជាតិខ្មែរ និងបញ្ជាក់ពីនិយោជកពីការងារដែលបានធ្វើរយៈពេលពីរឆ្នាំជាភាសាអង់គ្លេស។
គួរបញ្ជាក់ផងដែរថា សម្រាប់ពត៌មានបន្ថែម និងការចុះឈ្មោះសូមចូលទៅកាន់ តំណរភ្ជាប់ និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃ ៣០ មេសា ឆ្នាំ២០២៦។ កម្មវិធីលើកទឹកចិត្ត ឱ្យដាក់ពាក្យកាន់តែឆាប់កាន់តែល្អ។ចាប់តាំងពីឆ្នាំ១៩៩៤ កម្មវិធីអាហារូបករណ៍នេះបានផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាជាង ១១០០នាក់ ហើយក្នុង ៥វគ្គចុងក្រោយបេក្ខជនទទួលបានជ័យលាភីភាគច្រើនជាស្ត្រី៕