ចិន៖ រដូវកាលធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំរបស់ប្រទេសចិនសម្រាប់ត្រៀមស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (Spring Festival) បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃ០២ ខែកុម្ភៈនេះ ដែលមានរយៈពេលសរុប ៤០ថ្ងៃ រហូតដល់ថ្ងៃទី១៣ ខែមីនា។ យោងតាមអាជ្ញាធរចិន ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងហក់ឡើងដល់កម្រិតកំណត់ត្រាថ្មីគឺ ៩,៥ ពាន់លានដង ខណៈដែលប្រព័ន្ធផ្លូវដែកចិនអាចដឹកជញ្ជូនអ្នកដំណើរដល់ទៅ ៥៤០ លាននាក់ ពោលគឺកើនឡើង ៥% ធៀបនឹងឆ្នាំមុន។នេះបើតាមការចុះផ្សាយរបស់កាសែតចិនCCTV។
ដើម្បីសម្រួលដល់ការធ្វើដំណើរដ៏ធំសម្បើមនេះ អាជ្ញាធរផ្លូវដែកបានដាក់ចេញនូវវិធានការពិសេសៗជាច្រើន រួមមានការបង្កើនជើងរថភ្លើង ការសម្រួលប្រព័ន្ធទិញសំបុត្រសម្រាប់មនុស្សចាស់តាមរយៈទូរស័ព្ទ និងការផ្តល់សេវាកម្មបន្ថែមដូចជា កន្លែងសាកថ្មទូរស័ព្ទ សេវាដឹកជញ្ជូនសត្វចិញ្ចឹម និងឧបករណ៍ជិះស្គីលើទឹកកកជាដើម។
ការធ្វើដំណើរដ៏មមាញឹកនេះ មិនត្រឹមតែជាការវិលត្រឡប់ទៅជួបជុំគ្រួសាររបស់ពលរដ្ឋចិនរាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានចាត់ទុកថាជា «ការធ្វើចំណាកស្រុករបស់មនុស្សជាតិប្រចាំឆ្នាំដ៏ធំបំផុតនៅលើពិភពលោក»ផងដែរ។
សូមបញ្ជាក់ថា ពិធីចូលឆ្នាំចិន ឬ Spring Festival នឹងប្រព្រឹត្តិទៅនៅថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំនេះ។