681 ezgif.com resize
Swift cc time

សិង្ហបុរីបង្កើត«ស្ថាប័នអវកាសជាតិ»លើកដំបូងពង្រីកសក្ដានុពលសេដ្ឋកិច្ចក្នុងលំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ២កុម្ភៈ បានប្រកាសជាផ្លូវការនូវការបង្កើត «ស្ថាប័នអវកាសជាតិសិង្ហបុរី»(National Space Agency of Singapore - NSAS) ជាលើកដំបូង ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីដឹកនាំ និងទាញយកឱកាសពីសេដ្ឋកិច្ចក្នុងលំហដែលកំពុងរីកចម្រើនជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

បើតាមលោក Tan See Leng រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបញ្ជាក់ក្នុងសន្និសីទកិច្ចប្រជុំកំពូល Space Summit ថា ស្ថាប័នថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកម្មវិធីបច្ចេកវិទ្យាក្នុងលំហសម្រាប់តម្រូវការថ្នាក់ជាតិ និងតំបន់ ជាពិសេសលើការគ្រប់គ្រងទិន្នន័យផ្កាយរណបសម្រាប់វិស័យដឹកជញ្ជូនតាមនាវា ការរៀបចំទីក្រុង និងសន្តិសុខស្បៀងជាដើម។

ក្រៅពីការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលមានតម្លៃជាង ២០០លានដុល្លារសិង្ហបុរី ចាប់តាំងពីឆ្នាំ២០២២ មក ភ្នាក់ងារ NSAS ក៏មានភារកិច្ចរៀបចំបទប្បញ្ញត្តិ និងច្បាប់អវកាសជាតិ ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពក្នុងលំហ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូសំខាន់ៗដូចជា ទីភ្នាក់ងារអវកាសអឺរ៉ុប និងឥណ្ឌាជាដើម ដើម្បីប្រែក្លាយប្រទេសសិង្ហបុរីទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាអវកាសដ៏រឹងមាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

Khcct banner

អត្ថបទទាក់ទង