ចិន៖តុលាការកណ្ដាលក្រុងសិនជិន ខេត្តក្វាងទុង ប្រទេសចិន បានចេញសាលក្រមកាត់ទោសប្រហារជីវិត ក្រុមឧក្រិដ្ឋជន Online scam គ្រួសារត្រកួល«បៃ»ចំនួន៥នាក់ ពាក់ព័ន្ធឆបោកនៅមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋជាច្រើន រួមមាន ការសម្លាប់ដោយចេតនា ការបង្កររបួសដោយចេតនា ការឆបោក ការផលិត និង ជួញដូរគ្រឿងញៀន ការចាប់ជំរិត ការបើកកាស៊ីណូខុសច្បាប់ជាដើម។
យោងតាមអាជ្ញាធរចិន បានរកឃើញថា ក្រុមឧក្រិដ្ឋកម្មគ្រួសារ «បៃ» ដែលដឹកនាំដោយ បៃ យីឈាង ជាជនដឹកនាំសំខាន់ បានបង្កើតឧទ្យានជាច្រើននៅតំបន់កុកាង ប្រទេសមីយ៉ាន់ម៉ា តាមរយៈការសាងសង់ដោយខ្លួនឯង និង ការអភិវឌ្ឍរួមគ្នា ដើម្បីទាក់ទាញ និង អញ្ជើញ “អ្នកវិនិយោគ” ឬ “ម្ចាស់ទុន” ដូចជា យ៉ាង លីឆៀង ឲ្យចូលមកប្រតិបត្តិការ ហើយផ្តល់ការការពារដោយអាវុធ។ ពួកគេបានសហការជាមួយ “ម្ចាស់ទុន” ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន រួមមាន ការឆបោកតាមបណ្តាញទូរគមនាគមន៍ ការបើកកាស៊ីណូ ការសម្លាប់ដោយចេតនា ការបង្កររបួស ការចាប់ជំរិត ការគំរាមយកប្រាក់ ការរៀបចំ និងបង្ខំឲ្យលក់ផ្លូវភេទជាដើម។
ទឹកប្រាក់ពាក់ព័ន្ធនឹងល្បែងស៊ីសង និង ការឆបោកមាន ចំនួនលើស ២៩០ ពាន់លានយ័ន (៤១ពាន់លានដុល្លារ) បណ្ដាលឲ្យពលរដ្ឋចិន ៦ នាក់ស្លាប់ និងពលរដ្ឋចិនជាច្រើននាក់រងរបួស។ លើសពីនេះ បៃ យីឈាង ក៏បានសហការជួញដូរ និងផលិតគ្រឿងញៀនមេតាំហ្វេតាមីន ប្រមាណ ១១ តោន។តុលាការ
ចាត់ទុកថា បៃ យីឈាង បានរៀបចំ និង ដឹកនាំក្រុមឧក្រិដ្ឋកម្មគ្រួសារ «បៃ» ផ្តល់ការការពារដោយអាវុធដល់ក្រុមឧក្រិដ្ឋកម្មឆបោក។ ចំណែក យ៉ាង លីឆៀង ហូ សាវជាំង និង ចិន ក្វាងយី បានរៀបចំ ដឹកនាំ ឬចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មឆបោក និង ប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន ដោយត្រូវទោសពីបទសម្លាប់ដោយចេតនា បង្កររបួសដោយចេតនា ការឆបោក ការផលិត និង ជួញដូរគ្រឿងញៀន។
ក្នុងសាលក្រមតុលាការ បានអះអាងថា បទល្មើសរបស់របស់គ្រួសារបៃ មានលក្ខណៈអាក្រក់យ៉ាងខ្លាំង ស្ថានភាព និង ផលវិបាកធ្ងន់ធ្ងរ មានគ្រោះថ្នាក់ខ្លាំងដល់សង្គម និង ជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ដែលត្រូវផ្តន្ទាទោសយ៉ាងតឹងរឹងតាមច្បាប់។ សាលក្រមសាលាដំបូង និង សេចក្តីសម្រេចសាលាឧទ្ធរណ៍ មានការកំណត់អង្គហេតុច្បាស់លាស់ ភស្តុតាងគ្រប់គ្រាន់ ការកំណត់បទល្មើសត្រឹមត្រូវ ការផ្តន្ទាទោសសមស្រប និងនីតិវិធីតុលាការស្របច្បាប់។ ដូច្នេះ តុលាការប្រជាជនខ្ពស់បំផុត បានអនុម័តផ្តន្ទាទោសប្រហារជីវិត ចំពោះគ្រួសារក្រកូលបៃ៕