681 ezgif.com resize
Swift cc time

ប្រធានព្រឹទ្ធសភាប៉ាគីស្ថានផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីជំរុញចំណងមិត្តភាពទំនាក់ទំនងទ្វេភាគី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅថ្ងៃទី ២ កុម្ភៈនេះ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ការមកដល់នេះ មានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។ដំណើរទស្សនកិច្ចនេះ រៀបចំឡើងតបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និង ជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC)។ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញជួបទ្វេភាគីជាមួយ សម្តេច ហ៊ុន សែន និងជួបសម្ដែងការគួរសមចំពោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ គឺក្នុងគោលដៅ នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និង ជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាង និងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង