681 ezgif.com resize
Swift cc time

«សត្វខ្លាត្រី»ដ៏កម្របំផុតនៅតំបន់អាស៊ីបង្ហាញវត្តមានជាថ្មីម្តងទៀត នៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ សត្វខ្លាត្រី ១ក្បាលដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀត តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់។ វត្តមានប្រភេទសត្វដ៏កម្រនេះ ត្រូវបានថតជាប់នៅពាក់កណ្ដាលឆ្នាំ២០២៥ ដែលនេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។

លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយលោកស្រីសង្កត់ធ្ងន់ដែរថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូលហើយវាផ្ដល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។»

សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ចាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំគាល់ថា៖ «ការត្រឡប់មកវិញរបស់ ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្ដារតំបន់ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺ ការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។ តាមរយៈការស្ដារសុខភាពអេកូឡូ ស៊ីឡើងវិញ យើងកំពុងរក្សាបាននូវជម្រកដែលមានតម្លៃឥតគណនាសម្រាប់មនុស្ស និងជីវចម្រុះ ទន្ទឹមនឹងការជម្រុញ ភាពធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់នោះផងដែរ។»

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ “វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប សូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្ដារនិងការពារជម្រកព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។»

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការប្រទះឃើញខ្លាត្រីមួយ ប្រភេទឡើងវិញនៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ថា៖ «របកគំហើញនេះគឺភស្តុតាងបង្ហាញពីការរីកចម្រើន ប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយ របស់កម្ពុជា។ វាក៏បានបានឆ្លុះបញ្ចាំងទាំងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌជីវៈចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់អ្នកជំនាន់ក្រោយ»៕

Khcct banner

អត្ថបទទាក់ទង