វៀតណាម៖ ក្រសួងការបរទេសវៀតណាម នៅថ្ងៃ៣១ មករានេះ បានឱ្យដឹងថា លោក តូ ឡាំ (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមព័ត៌មានដដែលបានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកតូ ឡាំ ក៏នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកក៏នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបក្សទាំងបី រួមមាន កម្ពុជា វៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា គណកម្មការបក្សកម្មុយនីស្តវៀតណាម នៅខែមករា បានប្រកាសបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសរើស លោក តូ ឡាំ បន្តជាប់ជាអគ្គលេខាបក្សកម្មុយនីស្តវៀតណាមរយៈពេល៥ឆ្នាំទៀត រហូតដល់ឆ្នាំ២០៣១។