ភ្នំពេញ៖កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ។នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីនោះ លោក ស៊ុន ចាន់ថុល បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង "មិត្តភាពដែកថែប"របស់កម្ពុជា និងចិន ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍។លោកថា ការកសាងវាសនារួមនេះ បាននាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និង ការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថាជា "ស្ពានតភ្ជាប់ដ៏មានឥទ្ធិពល" ដែលបានជំរុញឱ្យសហគ្រាសនៃប្រទេសទាំងពីរដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
ទាក់ទងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោក ចាន់ថុល បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម "ខ្សែក្រវាត់ និងផ្លូវ" (BRI) ដែលជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី "ប្រទេសដែលមានសក្តានុពល" ទៅជា "ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ"។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០ គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បីរុញច្រានកម្ពុជាឱ្យកាន់តែមានភាពធន់ក្នុងយុគសម័យឌីជីថល។ ក្នុងនោះរួមមាន ការជំរុញផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោល្បីៗលើទីផ្សារអន្តរជាតិ ការវិនិយោគលើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។លោកបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺផ្ដោតលើ "គុណភាព និងចីរភាព" ដែលអាចជួយឱ្យកម្ពុជាក្លាយជាថ្នាំងឡូជីស្ទីកដ៏សំខាន់នៅក្នុងច្រករបៀងមេគង្គ។
លោក ស៊ុន ចាន់ថុល បានគូសរំលេចថា ដើម្បីគាំទ្រដល់មហិច្ឆតានៃការកសាងអនាគតរួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយរាល់បញ្ហារាំងស្ទះតាមរយៈយន្តការថ្មីៗ។លោកបានប្រកាសពីការដាក់ឱ្យដំណើរការ "វេទិកាសន្ទនារវាងរដ្ឋ និង វិស័យឯកជនកម្ពុជា-ចិន" (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅខែកុម្ភៈខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់ ៦ខែម្តង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកវិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និងអាចប៉ាន់ប្រមាណបាន។
បើតាមលោក ស៊ុន ចាន់ថុល ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងនិងតែងតាំង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានទី៣ ក.អ.ក. បន្ថែមលើមុខតំណែងបច្ចុប្បន្ន។ ការតែងតាំងនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួល និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះរាល់បញ្ហាលំបាកនានារបស់អ្នកវិនិយោគ ជាពិសេសក្នុងវិស័យថាមពល និងរ៉ែ ដែលជាឆ្អឹងខ្នងនៃវិស័យឧស្សាហកម្ម និងផលិតកម្ម។លោកថា នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រ និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិន។
លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារដ៏មានឥទ្ធិពលតាមរយៈសុភាសិតបែបទស្សនវិជ្ជាពីរឃ្លា រួមមាន "សសរមួយដើមមិនអាចទ្រផ្ទះបាន" និង "បើចង់ទៅឱ្យឆ្ងាយ ត្រូវទៅជាមួយគ្នា" ដើម្បីរំលឹកថា ភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត គឺអាស្រ័យលើការរួមរួមកម្លាំងគ្នារវាងរដ្ឋ និងឯកជន ក្នុងនាមជាសមាជិកនៃសហគមន៍វាសនារួមតែមួយ។ ក្នុងនាមជាដៃគូដែល "ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ" កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ៕