ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនប៊ីន (Wang Wenbin) នៅថ្ងៃទី ៣១ មករាម្សិលមិញ បានមើលឃើញថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានរក្សា«សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច» បានយ៉ាងឆាប់រហ័ស។លោកថា ប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា។
ការថ្លែងរបស់ប្រមុខទូតចិនប្រចាំនៅកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃ ក.អ.ក., ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកនៃសហគមន៍ធុរកិច្ចជាច្រើនរូប។
បើតាមលោក វ៉ាង វិនប៊ីន (Wang Wenbin) ផលិតផលសរុបក្នុងស្រុករបស់កម្ពុជាបានកើនឡើងពី ២.៧៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ១៩៩៤ ដល់ ៤៦.៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ហើយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ បានកើនឡើងពី ៣០២ ដុល្លារក្នុងឆ្នាំ ១៩៩៤ ដល់ ២,៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។លោកថា គ្មានការលំបាកណាមួយ អាចបញ្ឈប់ជំហាននៃការអភិវឌ្ឍ របស់ប្រទេសកម្ពុជាបានទេ ហើយចិនមានទំនុកចិត្តយ៉ាងពេញលេញលើទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
ប្រមុខទូតចិនរូបនេះ ជឿជាក់នៅក្រោមម្លប់របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និង ការដឹកនាំរបស់សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជាមុខជានឹងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍជាតិ និង ការស្តារឡើងវិញរបស់ជាតិ។ ប្រទេសចិននឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ហើយធ្វើជាមិត្តភក្តិ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់កម្ពុជាជានិច្ច៕