ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា រួមជាមួយអង្គការ Unicef Cambodia បានផ្តល់ជំនួយ១០ម៉ឹនដុល្លារ និងគ្រឿងសម្ភារៈ បរិក្ខារពេទ្យមួយចំនួន ជួយដល់ជនភៀសសឹកដែលបានផ្លាស់ទីដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
មណ្ឌលសុខភាព ចំនួន ៦៩ និងមន្ទីរពេទ្យបង្អែក ចំនួន ៤ ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ នឹងទទួលបាននូវសម្ភារៈបរិក្ខារពេទ្យ ដើម្បសង្គ្រោះជីវិត និងគាំពារសុខភាព មាតា និងទារក ព្រមទាំងឧបករណ៍វាស់វែងមនុស្សមាត្រ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក។ ជំនួយនេះត្រូវបានប្រគល់តាមរយៈយូនីសេហ្វ ជូនដល់លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
សម្ភារៈបរិក្ខារទាំងនេះ រួមមាន៖ ឧបករណ៍ជួយការពារការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល ឧបករណ៍ជំនួយដង្ហើម និងតាមដានអាការៈមិនប្រក្រតីក្នុងអំឡុងពេលសម្រាល ព្រមទាំងឧបករណ៍សម្រាប់ស្វែងរកកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាលឱ្យបានទាន់ពេលវេលា។ តាមរយៈសម្ភារៈទាំងនេះ បុគ្គលិកសុខាភិបាលនឹងអាចផ្ដល់សេវាថែទាំដល់ប្រជាពលរដ្ឋបានភ្លាមៗ មិនថានៅតាមភូមិឋានរបស់ពួកគេ ឬនៅតាមជំរំភៀសសឹកបណ្តោះអាសន្ន។ សហរដ្ឋអាមេរិក បន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិត ដោយពង្រឹងទំនាក់ទំនងជាមួយកម្ពុជា និងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់៕