681 ezgif.com resize
Swift cc time

តំណាងអចិន្ត្រៃយ៍កម្ពុជានៅUNជំរុញឱ្យភាគីអន្តរជាតិដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្ត តុលាការយុត្តិធម៌អន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ Arria Formula របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បញ្ជាក់ពីជំហរកម្ពុជាប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ហើយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់។

កិច្ចប្រជុំ Arria Formula របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​ ធ្វើឡើងក្រោមប្រធានបទ «ការប្រកាន់ខ្ជាប់នូវការគោរពសន្ធិសញ្ញានានា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។

ក្នុងសេចក្តីថ្លែងការណ៍ តំណាងអចិន្ត្រៃយ៍ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣៖ (១) សន្ធិសញ្ញាផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិប្រកបដោយស្ថិរភាព ព្រមទាំងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

(២) កម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែលមានបំណងគេចវេសមិនអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាដែលមានអានុភាពគតិយុត្តិ ដោយឈរលើមូលហេតុច្បាប់នៅក្នុងប្រទេស ឬបញ្ហាក្នុងស្រុក។រដ្ឋមួយ មិនត្រូវប្រើច្បាប់ក្នុងប្រទេសរបស់ខ្លួន ដើម្បីជាលេសបញ្ចប់ ឬដកខ្លួនចេញ ជាឯកតោភាគី ពីសន្ធិសញ្ញាដែលនៅជាធរមាននោះឡើយ។

(៣) កម្ពុជាអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី និងលើកទឹកចិត្តឱ្យប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការនេះដោយស្មោះត្រង់ ស្របតាមមាត្រា ៩៤(១) នៃធម្មនុញ្ញអ.ស.ប.៕

Khcct banner

អត្ថបទទាក់ទង