681 ezgif.com resize
Swift cc time

កម្ពុជា-កូរ៉េ បន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគរវាងគ្នាឱ្យកាន់តែប្រសើរឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគរវាងគ្នាឱ្យកាន់តែប្រសើរឡើង ជាពិសេសធ្វើយ៉ាងណាប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

លោក Sungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានលើកឡើងថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) 


Khcct banner

អត្ថបទទាក់ទង