ហាណូយ៖ អាជ្ញាធរក្រុងហាណូយ កាលពីព្រឹកថ្ងៃ២៩មករា បានចុះត្រួតពិនិត្យ និងរឹបអូសគ្រឿងក្នុងជ្រូកជាង ៦០ តោន ដែលគ្មានប្រភពដើមច្បាស់លាស់ និងមិនធានាសុវត្ថិភាពចំណីអាហារ នៅទីតាំងកែច្នៃមួយកន្លែងក្នុងប្រទេសវៀតណាម។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរក្រុងហាណូយបានរកឃើញគ្រឿងក្នុងជ្រូកដែលកំពុងកែច្នៃ និងស្តុកទុកមានសភាពស្អុយរលួយ ប្តូរពណ៌ និងជះក្លិនស្អុយ ដែលក្នុងនោះរួមមាន វត្ថុធាតុដើមបង្កកក្នុងកុងតឺន័រចំនួន ៣គ្រឿង ដែលមានទម្ងន់ប្រហែល ៥៩ តោន ដែលត្រូវបានស្តុកទុករយៈពេលពី ៤ ទៅ ៦ ខែ។ នេះបើតាមការចេញផ្សាយរបស់កាសែតវៀតណាម Tạp chí Công Thương។
ប្រភពដដែលរាយការណ៍ទៀតថាក្រៅពីសាច់បង្កកដែលត្រូវបានរកឃើញ សមត្ថកិច្ចបានរកឃើញ គ្រឿងក្នុងកំពុងកែច្នៃ ១ តោន និងផលិតផលដែលត្រូវបានផលិតរួចរាល់ជិត ៤ តោនដែលត្រៀមចែកចាយលើទីផ្សារ។ តាមការផ្ដល់ព័ត៌មានរបស់សមត្ថកិច្ច ម្ចាស់ទីតាំងកែច្នៃ «គ្រឿងក្នុងជ្រូក» មិនអាចបង្ហាញវិក្កយបត្រ ឬឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ប្រាប់សមត្ថកិច្ចបានឡើយ ដោយសារភាពថាខ្លួនបានទិញបន្តពីប្រភពមិនស្គាល់។ បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់ដើម្បីបន្តការស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ដើម្បីការពារសុខភាពពលរដ្ឋ៕