កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី៣០ មករានេះ បានចេញសេចក្តីណែនាំហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត កំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ក្នុងខេត្តកណ្តាល ចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រដ្ឋបាលខេត្តកណ្តាល បានណែនាំបន្ថែមនៅគ្រប់កន្លែងកម្សាន្តសប្បាយនានា មន្ទីរ-អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាស សែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាងមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈឡើយ។
ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែង ក្នុងខេត្តកណ្តាល។
មន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវណែនាំរំលឹកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ដោយមានសេវាកម្ម និងអនាម័យល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្ត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម។
បើតាមប្រភពដដែល ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមាន ចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕