ថៃ៖ ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅ ភូមិ ដនចេដី ខេត្តសុផាន់បុរី ប្រទេសថៃ បណ្តាលឱ្យកម្មករម្នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួសធ្ងន់។ តាមការស៊ើបអង្កេតបឋម ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលកម្មករម្នាក់កំពុងលាយរំសេវដើម្បីផលិតកាំជ្រួច ដែលម្ចាស់រោងចក្រសង្ស័យថាអាចមានការភ្លាត់ស្នៀតជំពប់ជើងដួលក្នុងកំឡុងពេលធ្វើការ ទើបបង្កឱ្យមានការផ្ទុះបំផ្លាញអគាររោងចក្រខ្ទេចទាំងស្រុង និងរាលដាលដល់ផ្ទះក្បែរខាងចំនួន ២ ខ្នងទៀត។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃខោស៊ត។
យោងតាមកាសែតថៃដដែលក្រោយពីមានការផ្ទុះភ្លាមៗមន្រ្តីជំនាញតំបន់បានបញ្ជូនឡានពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់ដើម្បីធ្វើការសង្រ្គោះមនុស្សដែលកំពុងតែរងគ្រោះ។តំបន់រងគ្រោះត្រូវបានឡោមព័ទ្ធដើម្បីការពារការចូលដោយគ្មានការអនុញ្ញាតដោយសារតែសំណល់គ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់។ មន្ត្រី EOD បានប្រមូល និងបំផ្លាញគ្រាប់រំសែវដែលនៅសេសសល់ ហើយបាញ់ទឹកជាបន្តបន្ទាប់ដើម្បីពន្លត់ភ្លើង។
មន្រ្តីក្នុងតំបន់បានបញ្ជាក់ទៀតថារោងចក្រនេះបានដំណើរការជាង ៣០ ឆ្នាំដោយមានច្បាប់អនុញ្ញាតក៏ដោយ ប៉ុន្តែអាជ្ញាប័ណ្ណរបស់រោងចក្រទើបតែបានផុតកំណត់កាលពីថ្ងៃទី ២៦ ខែមករា កន្លងទៅ ហើយកំពុងស្ថិតក្នុងដំណាក់កាលសុំបន្តអាជ្ញាប័ណ្ណថ្មី។បច្ចុប្បន្ន អាជ្ញាធរនិងមន្ត្រីជំនាញថៃកំពុងធ្វើការពិនិត្យកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ខណៈម្ចាស់រោងចក្របានបង្ហាញការសោកស្តាយជាខ្លាំង និងសន្យាថានឹងផ្តល់សំណងដល់ជនរងគ្រោះទាំងអស់៕