អ៊ីរ៉ង់៖ អ៊ីរ៉ង់បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ថានឹងវាយប្រហារមូលដ្ឋានទ័ពជើងទឹក និងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាម៉េរិកភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយដែលអាចនឹងកើតឡើងក្នុងពេលខាងមុខនេះ។ ករព្រមានរបស់អ៊ីរ៉ង់ជាថ្មីម្តងទៀតនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានព្រមានថា ពេលវេលាសម្រាប់អ៊ីរ៉ង់ក្នុងការចរចាជាមួយអាម៉េរិកជិតអស់ហើយ ចំពេលដែលសហភាពអឺរ៉ុបបានដាក់កងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ចូលក្នុងបញ្ជីខ្មៅជាក្រុមភេរវកម្ម។
អ្នកនាំពាក្យយោធាអ៊ីរ៉ង់លោកឧត្តមសេនីយ៍ឯក Mohammad Akraminia បានប្រាប់ទូរទស្សន៍រដ្ឋថាការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសកម្មភាពណាមួយរបស់សហរដ្ឋអាម៉េរិកនឹងមិនត្រូវបានកំណត់ទេ ដូចដែលវាបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំមុន នៅពេលដែលយន្តហោះ និងមីស៊ីលអាម៉េរិកបានចូលរួមក្នុងសង្គ្រាមផ្លូវអាកាសរយៈពេលខ្លីរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
លោកថាការសងសឹករបស់អ៊ីរ៉ង់ចំពោះអាម៉េរិកលើកនេះនឹងខ្លាំងក្លាជាងលើកមុនទៅទៀត ដោយនាវាផ្ទុកយន្តហោះអាម៉េរិកជាច្រើននៅក្នុងតំបន់ឈូងសមុទ្រគឺស្ថិតនៅក្នុងចម្ងាយនៃមីស៊ីលរយៈចម្ងាយមធ្យមរបស់យើង។ ប្រសិនបើការសម្រេចចិត្តខុសត្រូវបានធ្វើឡើងដោយជនជាតិអាម៉េរិក នោះលោកត្រាំនឹងមិនធ្លាប់ស្រមៃទេថានឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ ដោយអ៊ីរ៉ង់នឹងអនុវត្តប្រតិបត្តិការហ័សជាទីបំផុត។
គួររម្លឹកថាមានផ្ទាំងប៉ាណូ និងបដាជាច្រើនត្រូវបានដំឡើងនៅក្នុងទីក្រុងតេអេរ៉ង់ រដ្ឋធានីរបស់អ៊ីរ៉ង់ ដើម្បីគាំទ្រសាររបស់អាជ្ញាធរក្នុងការវាយប្រហារអាម៉េរិក ផ្ទាំងប៉ាណូដ៏ធំបង្ហាញពីនាវាផ្ទុកយន្តហោះអាម៉េរិកមួយគ្រឿងកំពុងត្រូវបានបំផ្លាញ និងឈាមហូរដាបពាញពេញសមុទ្រ៕