681 ezgif.com resize
Swift cc time

មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យ«ទេសចរណ៍កម្ពុជា-ចិន» រុញភ្ញៀវទេសចរចិនមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

សេប៊ូ៖ មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ចិន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជា តាមរយៈការគបណ្តុះបណ្តាលសម្រាប់មគ្គុទេសក៍ទេសចរណ៍ ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរនៅតាមបណ្តាញសង្គម។

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ជួបពិភាក្សាការងារទ្វេភាគី។ លោក ហួត ហាក់ ក៏បានជម្រាបជូនភាគីចិន អំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ ខែ (ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំមជ្ឈមណ្ឌលចិនអាស៊ាន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ និងឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦ ឱ្យបានជោគជ័យ។

ជាការឆ្លើយតប ភាគីចិន បន្តបេ្តជ្ញាជួយលើកកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា មានជាអាទិ៍ ការជួយកៀរគរវិនិយោគិននិងទេសចរចិនបន្ថែមទៀតមកកម្ពុជា, ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទេសក៍ទេសចរណ៍ និងការបណ្តុះបណ្តាលផ្សេងៗទៀតតាមតម្រូវការរបស់កម្ពុជា, ការគាំទ្រដល់ការអនុវត្តសកម្មភាពនានាដែលស្ថិតនៅក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦, ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរនៅតាមបណ្តាញសង្គម។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន ក៏បានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខទេសចរណ៍ ដែលនឹងរៀបចំឡើងនៅប្រទេសចិនក្នុងឆ្នាំ២០២៦នេះ។ កម្ពុជា រីករាយស្វាគមន៍ចំពោះការអញ្ជើញនេះ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាតំបន់នេះ, កម្ពុជា នឹងលើកកម្ពស់ការផ្សព្វផ្សាយបន្ថែមទៀតឱ្យបានទូលំទូលាយទៅកាន់ទីផ្សារចិន និងទីផ្សារតំបន់ ក៏ដូចជាពិភពលោក ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងមានសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្វាគមន៍ទេសចរពីគ្រប់ទិសទីមកកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង