ចិន៖ អាជ្ញាធរចិន នៅថ្ងៃ ២៩ មករា បានសម្រេចកាត់ទោសប្រហារជីវិតលើក្រុមឧក្រិដ្ឋជន Online scam ចំនួន ១១ នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិត រួមមានសមាជិកនៃ «ក្រុមឧក្រិដ្ឋជនគ្រួសារមីង» (Ming family criminal group) ដែលសកម្មភាពរបស់ពួកគេបានបណ្តាលឱ្យពលរដ្ឋចិនចំនួន ១៤ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
យោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua តុលាការក្នុងទីក្រុង Wenzhou បានរកឃើញថា ក្រុមនេះបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាច្រើនចាប់តាំងពីឆ្នាំ ២០១៥ មក រួមមាន ការសម្លាប់មនុស្សដោយចេតនា ការបង្ខាំងមនុស្សខុសច្បាប់ ការបង្កើតកាស៊ីណូ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ទ្រង់ទ្រាយធំ។
ប្រតិបត្តិការបង្រ្កាបនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយ៉ាងតឹងរឹងរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកម្ទេចសម្បុកឧក្រិដ្ឋកម្មតាមព្រំដែន ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ឱ្យធ្វើការឆបោកតាមអនឡាញ។
ជាក់ស្តែង កាលពីឆ្នាំមុន ជនជាតិចិនជាង ៧,៦០០ នាក់ត្រូវបានបញ្ជូនពីទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅស្រុកកំណើតវិញ ហើយកាលពីដើមខែនេះ កម្ពុជាក៏បានធ្វើបត្យាប័នមហាសេដ្ឋី Chen Zhi ទៅកាន់ប្រទេសចិនផងដែរ ដោយសារការសង្ស័យថាមានការពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំសម្បើម។
ចំណាត់ការនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការអន្តរាគមន៍ក្នុងបទល្មើសតាមអនឡាញឆ្លងដែន។