ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍កាណាដាលំដាប់ពិភពលោកដ៏ល្បីល្បាញ ដែលមានអាយុកាលជិត៤០ឆ្នាំ G Adventures បានសម្រេចជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ឆ្នាំ២០២៦ ដោយគ្រោងរៀបចំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦។
បើតាមការផ្សាយរបស់ Travel Market Report បានបង្ហាញថា ការសម្រេចចិត្តនេះ គឺធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍បែបសហគមន៍ឱ្យមានឥទ្ធិពលវិជ្ជមានខ្លាំងក្លាដល់សេដ្ឋកិច្ចមូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ដារវិស័យទេសចរណ៍នេះយ៉ាងខ្លាំងក្លា ក្រោយពីបញ្ហាប្រឈមធំៗ កន្លងមក។
លោក Bruce Poon Tip ដែលជាស្ថាបនិកក្រុមហ៊ុន G Adventures បានលើកឡើងថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យ និងមានសុវត្ថិភាពបំផុតប៉ុន្តែពិតណាស់ត្រូវការការគាំទ្របន្ថែម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈទេសចរណ៍។
បើតាមប្រភពដដែល ក្រុមហ៊ុន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ GX Cambodia ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយនឹងនាំមកនូវភ្នាក់ងារទេសចរណ៍ ដៃគូពាណិជ្ជកម្ម អ្នកបង្កើតមាតិកា និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មទេសចរណ៍ជុំវិញពិភពលោក មកជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌បុរាណ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប និងជាកិច្ចគាំទ្រដល់គម្រោងសហគមន៍ទេសចរណ៍នានាដោយផ្ទាល់៕