ភ្នំពេញ៖ ក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ ថាច គាំទ្រ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។
លោកបណ្ឌិត កៅ ថាច បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន ពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទា «White Pekin Duck» នេះ ឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។
លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការបង្កើនចរន្តផលិតកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា៕