ពោធិ៍សាត់៖ កម្លាំងផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមករា បានចាប់បញ្ជូនជនបរទេសចំនួន ៧៨ នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ ក្រោយលួចឆ្លងដែនខុសច្បាប់ ក្នុងនោះរួមមានជនជាតិចិនចំនួន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។
ដោយកន្លងមកកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាន ល្បាតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីបង្ការបង្ក្រាប និងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យថាដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam ។ ជាលទ្ធផលក្នុងរយៈពេលក្រោយមកនេះបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ស្នងការដ្ឋាននគរបាលខេត្ត ស្នើការសហការពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ ឬឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋម្នាក់ ជាសមត្ថកិច្ចម្នាក់ដើម្បីរាយការណ៍ រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែង ឬសង្ស័យថាជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈវេនប្រចាំបញ្ជាប្រចាំថ្ងៃដែលផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ និងការសុំយល់យោគអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ៕