ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីដ៏សាហាវនៅភូមិ Pasirlangu ក្នុងកោះចាវ៉ា ខាងលិច ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៥០ នាក់ ហើយគិតត្រឹមថ្ងៃ២៧ មករា ដោយក្នុងនោះសាកសពចំនួន ៣០ នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ អាជ្ញាធរប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ប្រតិបត្តិការរុករកជនរងគ្រោះដែលនៅសេសសល់កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពដីភក់រអិល និងផ្ទៃដីរងគ្រោះមានទំហំធំធេង ដែលជាឧបសគ្គដល់ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់។ ដើម្បីពន្លឿនការងារនេះ ក្រុមសង្គ្រោះបានដាក់ពង្រាយហ្វូងឆ្កែហិតក្លិនដើម្បីជួយស្វែងរកសាកសពដែលកប់ក្រោមគំនរដី និងកាត់បន្ថយការរុករកដោយគ្មានគោលដៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន CCTV ។
បើតាមអ្នកជំនាញភូមិសាស្ត្របានឲ្យដឹងថា មូលហេតុនៃហេតុការណ៍ដ៏សាហាវនេះ មិនត្រឹមតែបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏មានកត្តារួមផ្សំពីភូមិសាស្ត្រតំបន់ដែលមានដីចំណោតខ្លាំង និងថ្មភ្នំភ្លើងដែលពុកផុយងាយនឹងបាក់។ អាជ្ញាធរកំពុងសិក្សាលើការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ដើម្បីការពារកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងវិញនាពេលអនាគត៕