681 ezgif.com resize
Swift cc time

រដ្ឋបាលស្រុកស្ទឹងហាវ ចុះវាយកម្ទេចផែថ្មរឹងមាំ សាងសង់រំលោភយកដីឆ្នេរ ខណៈម្ចាស់មិនព្រមរុះរើ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២៧មករា បានចុះវាយកម្ទេចផែថ្មរឹងមាំ និងសម្ភារៈផ្សេងៗ ដែលសាងសង់រំលោភយកដីឆ្នេរ បន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងឲ្យម្ចាស់ភោជនីយដ្ឋាន BEACH HOUSE រុះរើស្ពាន និងសំណង់ពាក់ព័ន្ធជាបន្ទាន់ មុនកំណត់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែម្ចាស់ទីតាំងមិនបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។

កម្លាំងរដ្ឋបាលស្រុកស្ទឹងហាវ នៅព្រឹកថ្ងៃទី២៧មករា បានដឹកនាំដោយលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត និងកម្លាំងចម្រុះ បានប្រើគ្រឿងចក្រ ចុះវាយកម្ទេចផែថ្មរឹងមាំ ដែលសាងសង់មិនរៀបរយ និងគ្មានការអនុញ្ញាតតាមច្បាប់ រំលោភយកដីនៅតំបន់ឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើតាមរដ្ឋបាលស្រុកបានឲ្យដឹងថា ភោជ្ជនីយដ្ឋាន យីហោ (BEACE House) ដែលមានទីតាំងខាងលើ កន្លងមកម្ចាស់ភោជ្ជនីដ្ឋានបានលបលួចសាងសង់ផែថ្មរឹងមាំ មានបណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៦ម៉ែត្រ មិនមានច្បាប់អនុញ្ញាតិរំលោភយកដីចំណីឆ្នេរដើម្បីធ្វើអាជីវកម្មជាកម្មសិទ្ធឯកជន។

គួរបញ្ជាក់ថា ដោយសារខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ការអភិវឌ្ឍន៍ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឲ្យស្រុក ក្រុង និងខេត្ត មានសោភណ្ឌភាព បរិស្ថានស្អាត និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបានកាន់តែច្រើន។ ចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពនេះ មហាជនបានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងសង្ឃឹមថា អាជ្ញាធរនឹងបន្តអនុវត្តវិធានការបែបនេះ នៅទីតាំងផ្សេងៗទៀតផងដែរ៕


Khcct banner

អត្ថបទទាក់ទង