ថៃ៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នៅថ្ងៃ២៨ មករានេះ បានចេញផ្សាយអត្ថបទដែលមានខ្លឹមសារថា «គណបក្សនយោបាយថៃ កំពុងយកជម្លោះព្រំដែនកម្ពុជា-ថៃ ជាត្រីមុខ ដើម្បីស្វែងរកការគាំទ្រសំឡេងឆ្នោត»។Reuters បានរំលេចពីសមាជិកសភាថៃ លោក Phumin Leethiraprasert បានសម្រេចចិត្តចាកចេញពីគណបក្សភឿថៃ (Pheu Thai) ទៅចូលរួមជាមួយគណបក្សក្លាថាំ (Kla Tham) ជាសម្ព័ន្ធមិត្តរបស់បក្សកាន់អំណាច ដើម្បីត្រៀមការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខនេះ។
យោងតាមReuters ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងទាញយកការគាំទ្រពីអ្នកបោះឆ្នោតតាមព្រំដែន ជាពិសេស ក្នុងស្រុក Kantharalak ដែលរងគ្រោះដោយសារការប៉ះទង្គិចអាវុធជាមួយកម្ពុជា កាលពីពេលថ្មីៗនេះ។ លោកបានបញ្ជាក់ថា មូលហេតុលោកបោះបង់បក្សចាស់ គឺដោយសារតែការមិនពេញចិត្តលើការដោះស្រាយវិបត្តិព្រំដែនរបស់រដ្ឋាភិបាលអាណត្តិមុន នាំឱ្យមានការបាត់បង់ជីវិត និង ទ្រព្យសម្បត្តិពលរដ្ឋថៃ។
បើតាមReuters ពលរដ្ឋថៃ នៅតាមតំបន់ព្រំដែនខ្លះ បានបង្ហាញជំហរចង់ឱ្យរដ្ឋាភិបាលមានវិធានការតឹងរ៉ឹងជាងមុនជាមួយកម្ពុជា រហូតដល់មានការគាំទ្រផែនការសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្រ និង មិនចង់ឱ្យមានការបើកច្រកព្រំដែន ឬបន្តពាណិជ្ជកម្មជាមួយកម្ពុជាឡើងវិញ។
ការលើកឡើងនេះ កើតឡើងក្រោយចរន្តជាតិនិយមជ្រុលកំពុងតែហក់ឡើងខ្ពស់នៅក្នុងប្រទេសថៃ ដែលបង្កជាការខឹងសម្បារនឹងការប្រយុទ្ធគ្នាតាមព្រំដែន ដែលបានសម្លាប់ពលរដ្ឋថៃសរុបចំនួន ១៤៩ នាក់ និងបង្ខំឱ្យពលរដ្ឋរាប់សែននាក់ភៀសខ្លួន។
លោក Thitinan Pongsudhirak សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា ស្ថានភាពនយោបាយនេះបានបង្ខំឱ្យបណ្តាគណបក្សធំៗ រួមទាំងគណបក្សភឿថៃ និងគណបក្សប្រជាជន ត្រូវបង្កើនការបង្ហាញពីស្មារតីស្នេហាជាតិ និងការការពារអធិបតេយ្យភាព ដើម្បីចៀសវាងការចោទប្រកាន់ថា «មិនប្រឆាំងកម្ពុជាឱ្យបានខ្លាំងក្លាគ្រប់គ្រាន់»៕