សេអ៊ូល៖ លោកស្រី គីម បានដើរចូលទៅក្នុងបន្ទប់សវនាការនៅតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល ដោយស្លៀកពាក់ឈុតខ្មៅ និងពាក់ម៉ាស់ ហើយអង្គុយស្ងៀមស្ងាត់ក្នុងទឹកមុខក្រៀមក្រំ ស្តាប់តុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធនេះសម្រេចកាត់ទោសអតីតស្ត្រីទីមួយលោកស្រី គីម ឃុនហ៊ី (Kim Keon Hee ) ឲ្យជាប់ពន្ធនាគារមួយឆ្នាំ និងប្រាំបីខែ បន្ទាប់ពីរកឃើញថាលោកស្រីមានទោសពីបទទទួលយកសំណូកពីមន្ត្រីក្នុងព្រះវិហារ Unification ដើម្បីជាថ្នូរនឹងការអនុគ្រោះនយោបាយ។ យោងតាមសេចក្តីសម្រេចរបស់តុលាការនៅរសៀលថ្ងៃពុធនេះលោកស្រីត្រូវបានចោទប្រកាន់ថាលោកស្រីបានទទួលយកកាបូប Chanel ប្រណីត និងខ្សែកពេជ្រពីព្រះវិហារ Unification Church របស់កូរ៉េខាងត្បូងដែលមានតម្លៃប្រមាណ ៨០ លានវ៉ុន (៥៦,១០៦ ដុល្លារ) ជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ។
តាមសេចក្តីប្រកាសរបស់រដ្ឋអាជ្ញានៃកូរ៉េខាងត្បូងដំបូងឡើយលោកស្រី គីម ឃុនហ៊ី ដែលជាភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានតុលាការទាមទារឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២.៩ ពាន់លានវ៉ុន (២ លានដុល្លារអាម៉េរិក) លើការចោទប្រកាន់ដែលរួមមានការទទួលយកកាបូប Chanel ប្រណីត និងខ្សែកពេជ្រពីព្រះវិហារ Unification Church របស់កូរ៉េខាងត្បូង ជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ។ តុលាការបានរកឃើញថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថាលោកស្រីមានទោសលើសពីនេះដូចច្នេះសម្រេចទោសត្រឹម២០ខែវិញ។
ទោះជាយ៉ាងណាក៏ដោយលោកស្រី គីម ឃុនហ៊ី បានបដិសេធការចោទប្រកាន់ទាំងអស់។ មេធាវីរបស់លោកស្រីអះអាងថា ក្រុមមេធាវីនឹងពិនិត្យឡើងវិញនូវសេចក្តីសម្រេចនេះ ហើយសម្រេចថាតើត្រូវប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសពីបទសូកប៉ាន់ឬអត់៕