ថៃ៖ អាជ្ញាធរថៃនៅថ្ងៃ ២៦ មករា បានប្រកាសត្រៀមប្រគល់ប្រាក់ជាង ៤៦ លានបាត (ប្រហែល ១,៣ លានដុល្លារ) ត្រឡប់ទៅឱ្យជនរងគ្រោះដែលបានចាញ់បោកបណ្តាញឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន ដែលមានទំនាក់ទំនងជាមួយបណ្តាញក្រុមហ៊ុន «Huione Pay»។ តាមការប្រកាសរបស់ការិយាល័យស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត (CCIB) នៅថ្ងៃដដែល បានផ្ទេរទ្រព្យសម្បត្តិដែលដកហូតបានចំនួន ៤៦,១៨១,០០០ បាត ទៅឱ្យការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) របស់ថៃដើម្បីចាត់ចែងបែងចែកជូនជនរងគ្រោះ។ នេះបើតាមការចេញផ្សាយរបស់កាសែតThaiger។
តាមប្រភពដដែល ថវិកាទាំងនេះត្រូវបានរឹបអូសក្នុងប្រតិបត្តិការដែលមានឈ្មោះថា «SKYFALL» កាលពីខែសីហា ឆ្នាំ ២០២៥ ដែលបានកំណត់គោលដៅលើក្រុមឧក្រិដ្ឋជនដែលប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីបោកប្រាស់ និងលាងលុយតាមរយៈក្រុមហ៊ុនក្លែងក្លាយ។
តាមការការស៊ើបអង្កេតបង្ហាញថា ក្រុមឧក្រិដ្ឋជនទាំងនេះបានជួលស្ត្រីជនជាតិថៃម្នាក់ឱ្យបើកក្រុមហ៊ុន និងគណនីធនាគារក្លែងក្លាយជំនួសឱ្យជនជាតិចិន ដើម្បីទទួលប្រាក់ពីជនរងគ្រោះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនគណនេយ្យករម្នាក់នៅក្នុងទីក្រុងបាងកក និងជនសង្ស័យជនជាតិចិនម្នាក់នៅព្រលានយន្តហោះសុវណ្ណភូមិ ខណៈដែលជនសង្ស័យផ្សេងទៀតកំពុងស្ថិតក្រោមការតាមដាន។
អាជ្ញាធរថៃបញ្ជាក់ថាចំពោះជនរងគ្រោះដែលមានបំណងទាមទារសំណង ត្រូវដាក់ពាក្យស្នើសុំទៅកាន់ការិយាល័យ AMLO ឱ្យបានមុន ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ តាមរយៈការដាក់ពាក្យផ្ទាល់ ផ្ញើតាមប្រៃសណីយ៍ ឬតាមរយៈគេហទំព័រផ្លូវការរបស់ស្ថាប័ននេះ៕