ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦ បានចូលរួមនិងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមលោក ស៊ុន មេសា ក្នុងខែមករានេះ ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបន្ទាយមានជ័យ ក្នុងស្រុកសិរីសោភ័ណ និងស្រុកមង្គលបូរី និងខេត្តបាត់ដំបង ក្នុងស្រុកបវេល និងស្រុកមោងឫស្សី ដែលមានអ្នកចូលរួមចំនួន ២ ៤០៥នាក់ អ្នកជាប់ការងារ (បឋម) ៧០១នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១០ក្រុមហ៊ុន។
តាមរយៈវេទិកានេះ ពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡល់មកពីប្រទេសថៃបានយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅពេលចូលបម្រើការងារនៅក្នុងស្រុក ជាពិសេសគឺទទួលបានឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។
បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៨៣លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕