កោះកុង៖ ក្រសួងបរិស្ថាន សម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ធ្វើការផ្អាកសកម្មភាពអាជិវកម្មជាបណ្តោះអាសន្ន និងត្រូវរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឱ្យហើយជាមុន ទើបអាចដំណើរការវិញបាន។
បើតាមក្រសួង ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង ដែលបានដំណើរការដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថា អាចបង្កហានិភ័យ ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។ ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹង រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។
គួរបញ្ជាក់ថា ក្រុមការងារជំនាញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។ យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួង៕