681 ezgif.com resize
Swift cc time

ក្រសួងពាណិជ្ជកម្ម ប្រកាសដកហូតនិងបញ្ឈប់ការចែកចាយ ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសឱ្យបញ្ឈប់ការលក់ ចែកចាយ និងប្រើប្រាស់ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន៣ប្រភេទ ខណៈផលិតផលទាំងនេះអាចមានផ្ទុកនូវសារធាតុ Cereulide ដែលប៉ះពាល់ដល់សុខភាពទារក និងកុមារ។

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដល់ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ ឱ្យបានដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថាអាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុង ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ ប្រភេទ ដែលកំពុងចរាចរលើទីផ្សារក្នុងព្រះរាជាណាចក្រ កម្ពុជា រួមមាន៖ ១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp៖ 09/07/2027)

២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូត៏ Lot 900035 (Exp៖ 12/08/2027)

៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូត៏ Lot 900932 (Exp៖ 18/08/2027)

ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានធ្វើការណែនាំឱ្យពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្ដោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទខាងលើ។ ចំពោះមាតាបិតា និងអ្នកប្រើប្រាស់ ត្រូវជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបាន ព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។

អាស្រ័យហេតុនេះ ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាទទួលជ្រាប និងសហការ ផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មតាមរយៈលេខ ១២៦៦ (Commercial Call Center: 1266)៕

Khcct banner

អត្ថបទទាក់ទង