ប៉ារីស៖ សមាជិកសភាបារាំងនៅយប់ ថ្ងៃ ២៦ ចូលថ្ងៃ២៧ មករាបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ។ ប្រធានាធិបតី អេម៉ាញូអែល ម៉ាក្រុងបានបង្ហោះសារនៅលើបណ្តាញសង្គម X របស់លោកដោយបង្ហាញការសាទរចំពោះលទ្ធផលបោះឆ្នោតនេះថាជា «ជំហានដ៏សំខាន់» ក្នុងការការពារកុមារ និងយុវជនបារាំង។ លោក អេម៉ាញូអែល ម៉ាក្រុង បានបញ្ជាក់ក្នុងវីដេអូផ្សាយកាលពីថ្ងៃសៅរ៍ថាអារម្មណ៍របស់កុមារ និងយុវជនរបស់យើង មិនមែនសម្រាប់លក់ ឬទុកឱ្យគេបង្ខូចតាមរយៈបណ្តាញសង្គមរបស់អាម៉េរិក ឬ របស់ចិននោះទេ។
ក្នុងការសម្រេចចិត្តរបស់លោកអេម៉ាញូអែល ម៉ាក្រុង ត្រូវបានសមាជិកសភាមកពីបក្សឆ្វេងនិយម លោក Arnaud Saint-Martin បានរិះគន់ការហាមឃាត់នេះថាជាទម្រង់នៃអំណាចផ្តាច់ការឌីជីថល និងជាការឆ្លើយតបមិនមានហេតុផលច្បាស់លាស់ចំពោះផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរអតីតនាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal សង្ឃឹមថាព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់នេះនៅពាក់កណ្តាលខែកុម្ភៈ ដើម្បីឱ្យច្បាប់នេះត្រូវបានអនុវត្តទាន់ពេលកុមារចូលរៀននៅខែកញ្ញា ហើយក្រុមហ៊ុនបណ្តាញសង្គមត្រូវតែលុបគណនីក្មេងដែលមិនគ្រប់អាយុចោលទាំងអស់ឱ្យអស់ត្រឹមចុងឆ្នាំ។ លោក Attal បានសង្កត់ធ្ងន់ថា វិធានការនេះនឹងទប់ទល់នឹងឥទ្ធិពលនៃមហាអំណាចមួយចំនួនដែលចង់ប្រើប្រាស់បណ្តាញសង្គមដើម្បីគ្រប់គ្រងគំនិតយុវជន។
គួររម្លឹកថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់របស់បារាំង មុនពេលក្លាយជាច្បាប់ជាធរមាន។តាមរយៈការអនុមត្តច្បាប់នេះ នឹងធ្វើឱ្យបារាំងក្លាយជាប្រទេសទីពីរបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលបានចាត់វិធានការបែបនេះ ដោយបានហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើបណ្ដាញសង្គម កាលពីខែធ្នូកន្លងទៅ។ តាមទីភ្នាក់ងារឃ្លាំមើលសុខភាពសាធារណៈរបស់បារាំង (ANSES) បានបញ្ជាក់ថា បណ្តាញសង្គមដូចជា TikTok, Snapchat និង Instagram មានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់យុវជន ជាពិសេសក្មេងស្រី ទទួលរង ការបៀតបៀនតាមអ៊ីនធឺណិត និងការប្រឈមនឹងមាតិកាហិង្សា៕