ជប៉ុន៖ អតីតទាហាននៃកងកម្លាំងស្វ័យការពារជប៉ុន (SDF) កញ្ញា Rina Gonoi ដែលរងគ្រោះដោយការបៀតបៀនផ្លូវភេទ កាលពីថ្ងៃចន្ទ ម្សិលមិញ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ក្តីជាមួយរដ្ឋាភិបាលជប៉ុន និងអតីតសហការីចុងក្រោយរបស់នាងបន្ទាប់ពីរឿងក្តីអូសបន្លាយជាង ៤ ឆ្នាំ។ តាមរយៈកិច្ចព្រមព្រៀងនេះ កញ្ញា Gonoi នឹងទទួលបានប្រាក់សំណងចំនួន ១.៦ លានយ៉េន (ប្រមាណ ១០,៤០០ ដុល្លារ) ពីរដ្ឋាភិបាលជប៉ុន ប៉ុន្តែមិនទទួលបានការសុំទោស ឬសំណងពីអតីតមិត្តរួមការងារដែលបៀតបៀននាងឡើយ។
យោងតាមសេចក្តីរាយការណ៍របស់ BBC សំណុំរឿងនេះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងសង្គមជប៉ុន បន្ទាប់ពីនាងបានសម្រេចចិត្តទម្លាយរឿងរ៉ាវដែលមិត្តរួមការងារបុរស ៣ នាក់បានបៀតបៀនលើរូបនាងកាលពីឆ្នាំ ២០២១ ដោយពួកគេបានរុញច្រាននាងឲ្យដួលនឹងធ្វើការបៀតបៀនរាងកាយនាងយ៉ាងកម្រោល។ មនុស្សជាង ១០ម៉ឺន នាក់បានចុះហត្ថលេខាលើញត្តិមួយដែលអំពាវនាវឱ្យក្រសួងការពារជាតិស៊ើបអង្កេតការចោទប្រកាន់របស់នាងអំពីអំពើហិង្សាផ្លូវភេទក្នុងអំឡុងពេលបម្រើការងាររបស់នាង។
ទោះបីជាការតស៊ូតាមផ្លូវច្បាប់ក្នុងរយៈពេលជាង ៤ ឆ្នាំមកនេះមានភាពលំបាកខ្លាំង ប៉ុន្តែកញ្ញា Gonoi បានបញ្ជាក់ថា នាងមិនសោកស្តាយចំពោះការហ៊ានងើបឈរតវ៉ានោះទេ ខណៈដែលករណីរបស់នាងបានជំរុញឱ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំក្នុងជួរកងទ័ព ដែលរកឃើញករណីបៀតបៀនផ្លូវភេទផ្សេងទៀតជាង ១០០០ ករណី៕