ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ២៦ ខែមករា ប្ដេជ្ញាជួយជំរុញឱ្យមានការបង្កើតជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា នៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នាឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក HOUT Kim Chha អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ដឹកនាំប្រតិភូវិនិយោគិនជាក្រុមហ៊ុនធំៗ ឈានមុខគេនៅសហរដ្ឋអាម៉េរិក និងពីរដ្ឋកាលីហ្វ័រញ៉ាជាង២០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា ពិនិត្យលទ្ធភាពឱកាសវិនិយោគ ព្រមទាំងគំនិតផ្តួចផ្តើមនានា នាទីស្តីការក្រសួង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជម្រាបជូនពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ាជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។
តាមរយៈជំនួបនេះ គូភាគី ព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើតជា«មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នាឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles ដែលមានសហគមន៍ខ្មែររស់នៅច្រើននាទីនោះ និងព្រះរាជាណាចក្រកម្ពុជា។ កម្ពុជានឹងរំពឹងទទួលបានភ្ញៀវទេសចរអាម៉េរិកច្រើនថែមទៀត ជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកផងដែរ៕