វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញនេះថា លោកកំពុងដំឡើងពន្ធលើការនាំចូលរបស់កូរ៉េខាងត្បូងចូលទៅក្នុងសហរដ្ឋអាម៉េរិកជាមួយនឹងទំនិញមួយចំនួនដូចជារថយន្ត ឈើ និងឱសថដោយពន្ធគយនេះនឹងអាចកើនដល់ ២៥ ភាគរយ ការសម្រេចចិត្តដំឡើងជាថ្មីរបស់លោកនេះដោយលោកចោទប្រកាន់កូរ៉េខាងត្បូងថាមិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។
លោក ដូណាល់ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាសភាកូរ៉េខាងត្បូងមិនបានគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកទេ ដោយសារតែសភាកូរ៉េមិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង ដូចច្នេះនឹងបង្កើនពន្ធលើទំនិញនាំចូលរបស់ប្រទេសកូរ៉េខាងត្បូងលើរថយន្ត ឈើ ឱសថ និងពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់ ពី ១៥ ភាគរយដល់ ២៥ភាគរយ។ លោកត្រាំបញ្ជាក់ទៀតថាពេលនេះនៅមិនទាន់ច្បាស់ភ្លាមៗទេថា ការដំឡើងពន្ធនឹងចូលជាធរមាននៅពេលណា។
ជាការឆ្លើយតបវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីឧស្សាហកម្ម Kim Jung-kwan នឹងទៅបំពេញទស្សនកិច្ចសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗនេះ និងជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក Howard Lutnick។
គួរកត់សម្គាល់ថាកូរ៉េខាងត្បូងបានខិតខំអនុវត្តកិច្ចព្រមព្រៀងដែលបានប្រកាសជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ដែលបានបន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងការនាំចេញជាច្រើនរបស់ខ្លួនមកត្រឹម ១៥ ភាគរយ។ប៉ុន្តែនៅដើមខែនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ការវិនិយោគដែលបានគ្រោងទុកក្នុងទំហំទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារអាម៉េរិកជាមួយសហរដ្ឋអាម៉េរិកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទំនងជាមិនចាប់ផ្តើមនៅឆមាសទីមួយនៃឆ្នាំ ២០២៦ ទេ ដោយសារតែរូបិយប័ណ្ណវ៉ុនធ្លាក់ចុះ៕