681 ezgif.com resize
Swift cc time

កម្ពុជា នឹងចូលរួមក្នុង«ក្រុមប្រឹក្សាសន្តិភាព» ដែលការណ៍នេះបានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលការណ៍នេះ បានបង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ ការបញ្ជាក់ជំហររបស់សម្តេចនេះ ធ្វើឡើងក្នុងជំនួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នាថ្ងៃទី២៦មករានេះ។

ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ លោកបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

ជាមួយគ្នានេះ នាយឧត្តមនាវីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេច មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ 

ទន្ទឹមនឹងនេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបានជម្រាបជូន លោកនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម "ក្រុមប្រឹក្សាសន្តិភាព"។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

សម្តេច ហ៊ុន ម៉ាណែត ក៏បានជម្រាបជូន លោកនាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។

ជាការឆ្លើយតប នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ លោក Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង