ភ្នំពេញ៖ ករណីថ្មីជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និបាតសុខាភិបាលលើកទី៤៥ ស្ដីពី«សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នឹងឆ្នាំបន្ត»នៅថ្ងៃទី ២៦ ខែមករានេះ ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ករណីថ្មីជំងឺឡើងសម្ពាធឈាមមានចំនួន ៤៥១ ០០៩ ករណី កើនឡើង ១២,២០% និងអ្នកសម្រាកព្យាបាលមានចំនួន ៤១ ៤៦៣ នាក់ កើនឡើង ១៩,១៧% ធៀបនឹងឆ្នាំ២០២៤។ ចំពោះ ករណីថ្មីជំងឺទឹកនោមផ្អែម ដែលបានមកពិនិត្យព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ២៩២ ១៩៧ករណី ដោយកើនឡើង ២៦,៨% ធៀបនឹងឆ្នាំ២០២៤ និងអ្នកជំងឺសម្រាកពេទ្យមាន ចំនួន ១៨ ៤២៩នាក់។
ចំណែក អ្នកជំងឺមហារីកបានមកទទួលសេវាព្យាបាលមានចំនួន ៣៥ ៩២១ នាក់ ឬកើនឡើង ១៣,៩% ធៀប នឹងឆ្នាំ២០២៤ ក្នុងនោះអ្នកជំងឺ ១៥៥ នាក់ បានស្លាប់។ ទន្ទឹមនឹងនេះ ស្ត្រីចំនួន ៣៨០ ១៤៨នាក់ បានទទួលការអប់រំអំពីជំងឺមហារីកសុដន និងបានរៀនស្ទាបរកដុំសុដន ដោយខ្លួនឯង ក្នុងនោះស្ត្រីចំនួន ៥ ២៣៨ នាក់ ត្រូវបានរកឃើញមានដុំសុដន៕