រតនគិរី៖ បន្ទាប់ពីមានសេចក្តីរាយការណ៍លើករណីទឹកបឹងយក្ខឡោម ក្នុងក្រុងបានលុង ខេត្តរតនគីរី មានពណ៌ល្អក់ដូចកករដីក្នុងផ្នែកខ្លះនៃបឹង ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរនគីរី បានចាត់វិធានការយកសំណាកទឹក នៅតំបន់បឹងយក្ខឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដោយពិនិត្យឃើញថានេះ គឺជាបាតុភូតកើតឡើងដោយធម្មជាតិ មិនមែនទទួលរងពីប្រភពបំពុលអ្វីមួយនោះទេ។
មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ នៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានភូមិសាស្រ្តបន្ថែមទៀត។ លទ្ធផលបានឱ្យដឹងថា នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចំការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ។ ជាមួយគ្នានេះ ស្ថានភាពគុណភាពទឹកបឹង គឺមិនបង្កឱ្យត្រីពុល និងមិនបង្កបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ។
សូមបញ្ជាក់ថា ក្រុមការងារបានបន្តចាត់វិធានការយកសំណាកទឹក នៅតំបន់បឹងយក្ខឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានបន្ថែមទៀត ដើម្បីជំរុញសកម្មភាព«ភាពស្អាត» ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។
តាមការឱ្យដឹងពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ មានការគាត់សំគាល់ នៅពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងយក្ខឡោមឡើងពណ៌កករល្អក់បែបនេះ ជារឿយៗ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមបន្តចូលរួមសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព៕