681 ezgif.com resize
Swift cc time

អតីតនាយករដ្ឋមន្រ្តីកូរ៉េលោក លី ហេចាន់ ទទួលមរណភាពនៅវៀតណាមក្រោយព្យាបាលបាន ២ ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូរ៉េ៖ អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ហេចាន់ (Lee Hae-chan) បានទទួលមរណភាពក្នុងជន្មាយុ ៧៣ ឆ្នាំ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ PUAC ដែលជាក្រុមប្រឹក្សាយោបល់របស់ប្រធានាធិបតី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោក លី អនុប្រធានជាន់ខ្ពស់របស់ PUAC បានទទួលមរណភាពពីរថ្ងៃបន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញ។ លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគាំងបេះដូងនៅមន្ទីរពេទ្យ ហើយបានទទួលការវះកាត់ដាក់ stent (បំពង់ដែកបេះដូង) ប៉ុន្តែមិនអាចជាសះស្បើយបាន។

យោងតាម The Korea Times លោកលីបានធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រឹក្សាយោបល់បង្រួបបង្រួមសន្តិភាព (PUAC) ដែលជាស្ថាប័នប្រឹក្សាយោបល់របស់ប្រធានាធិបតី ប៉ុន្តែជាអកុសលលោកបានធ្លាក់ខ្លួនឈឺធ្ងន់រហូតបាត់បង់ជីវិត។ មុនពេលចាកចេញពីប្រទេស លោកមានរោគសញ្ញាដូចផ្ដាសាយ ហើយស្ថានភាពសុខភាពបានប្រែជាអាក្រក់ខ្លាំងពេលដែលលោកកំពុងរង់ចាំជើងហោះហើរត្រឡប់ទៅផ្ទះវិញនៅព្រលានយន្តហោះក្នុងទីក្រុងហូជីមិញ។

ភ្លាមៗរូបលោកត្រូវបានមន្រ្តីបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់ដើម្បីឆ្លងកាត់ការវះកាត់ដាក់បំពង់បូមឈាមយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតលោកបានឡើយ បន្ទាប់ពីលោកសម្រាកក្នុងមន្ទីរពេទ្យបានពីរថ្ងៃ។

គួរបញ្ជាក់ថា លោក លី ហេចាន់ គឺជាអ្នកនយោបាយជើងចាស់ដ៏មានឥទ្ធិពលម្នាក់ ដោយធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកូរ៉េពីឆ្នាំ ២០០៤ ដល់ ២០០៦ និងជាអតីតសមាជិកសភាប្រាំពីរអាណត្តិ។ លោកបានចាប់ផ្តើមអាជីពនយោបាយតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ តាមរយៈចលនាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយក៏ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ មុនពេលត្រូវបានតែងតាំងជាអនុប្រធានជាន់ខ្ពស់នៃ PUAC (ក្រុមប្រឹក្សាយោបល់របស់ប្រធានាធិបតី) កាលពីចុងឆ្នាំមុន៕

Khcct banner

អត្ថបទទាក់ទង