កម្ពុជា៖ អង្គការ Children’s Charity Cambodia បានប្រកាសដាក់ចេញនូវយុទ្ធនាការទូទាំងប្រទេស ក្នុងគោលបំណងជួសជុល និងកែលម្អកន្លែងក្មេងលេងនៅតាមសាលាបឋមសិក្សាចំនួន ៦,៥៥៣ ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកបង្កើតទីធ្លាលេងកម្សាន្តដែលមានសុវត្ថិភាពសម្រាប់កុមារជាង ២.២៦ លាននាក់។ កម្មវិធីនេះបានអំពាវនាវ ដល់ម្ចាស់ហាងកាហ្វេ និងអាជីវកម្មលក់អាហារ និងភេសជ្ជៈខ្នាតតូចនានា ឱ្យចូលរួមគាំទ្រដល់គម្រោងនេះតាមរយៈការចូលរួមវិភាគទានប្រចាំខែបន្តិចបន្តួច។
ម្ចាស់ហាងកាហ្វេ ឬអាជីវករដែលចូលរួមនឹងទទួលបានការផ្ដល់ជូននូវ «ផ្លាកសញ្ញាសម្រាប់ការគាំទ្រ» សម្រាប់ដាក់ក្នុងហាងកាហ្វេ ឬ «ស្ទីគ័រដែលមានស្លាកសញ្ញាសម្គាល់» សម្រាប់ដាក់នៅតាមតូបលក់ដូរ ដែលបង្ហាញយ៉ាងច្បាស់ដល់អតិថិជនថា រាល់ការជាវរបស់ពួកគេគឺជាការចូលរួមចំណែកជួយដល់ការកសាងកន្លែងក្មេងលេងប្រកបដោយសុវត្ថិភាពសម្រាប់សាលារៀននៅតាមជនបទ។
ជាការឆ្លើយតបវិញ ហាងកាហ្វេជាដៃគូនឹងទទួលបានរូបភាព និងវីដេអូសកម្មភាពពីគម្រោងកន្លែងក្មេងលេងដែលបានបញ្ចប់រួចរាល់ ដើម្បីយកទៅប្រើប្រាស់ជាខ្លឹមសារផ្សព្វផ្សាយពីផលវិជ្ជមានដែលពួកគេបានជួយដល់សង្គម។ សកម្មភាពនេះនឹងជួយកសាងទំនុកចិត្ត ភាពស្មោះត្រង់ពីសំណាក់អតិថិជន និងទាក់ទាញឱ្យពួកគេមកគាំទ្រហាងជាបន្តបន្ទាប់។ បន្ថែមពីនេះ អាជីវកម្មដែលផ្តល់ការគាំទ្រ ក៏នឹងត្រូវបានជួយផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់អង្គការផងដែរ។
សម្រាប់ម្ចាស់ហាងកាហ្វេដែលមានបំណងចង់ចូលរួមគាំទ្រយុទ្ធនាការនេះ និងចង់ពង្រឹងភាពស្មោះត្រង់ជាមួយអតិថិជនតាមរយៈសកម្មភាពសង្គមក្នុងពេលតែមួយ អាចទាក់ទងទៅកាន់លោក Tim Phillipson ដែលជាស្ថាបនិកអង្គការ Children’s Charity Cambodia តាមរយៈតេឡេក្រាមលេខ ០៩៦ ៥៣៤ ១១០៨, អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុករបស់អង្គការដោយផ្ទាល់ https://www.facebook.com/share/16qJjaSS6k/៕