អ៊ីរ៉ង់៖ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក ឧត្តមសេនីយ៍ Mohammad Pakpour បានព្រមានទៅសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលថាពេលនេះយោធាអ៊ីរ៉ង់កំពុងតែស្ថិតក្នុងការប្រុងជើងការពារកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយអ៊ីរ៉ង់ផ្ទាល់កំពុងតែស្ថិតនៅលើកៃកេះកាំភ្លើង និងអាវុធធ្ងន់ធ្ងន់ជាច្រើនប្រភេទ។ លោកព្រមានទៀតប្រសិនបើអាម៉េរិក និង អ៊ីស្រាអែលសម្រេចចិត្តខុសដែលនឹងបើកការវាយប្រហារលើអ៊ីរ៉ង់មែននោះ អ៊ីរ៉ង់នឹងមិនញញើតនិងស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅវិញទ្រង់ទ្រាយធំឡើយ។ ការព្រមានរបស់លោកធ្វើឡើងបន្ទាប់ពីនាវាចម្បាំង និងយន្តហោះចម្បាំងសហរដ្ឋអាម៉េរិកជាច្រើនគ្រឿងកំពុងតែឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងស្ថិតកាន់តែកៀកជាមួយនឹងប្រទេសអ៊ីរ៉ង់។
ផ្អែកតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីល្ងាចថ្ងៃទី ២៥ ខែ មករា ថាលោកឧត្តមសេនីយ៍ Mohammad Pakpour ដែលជាមនុស្សសំខាន់ក្នុងការបង្ក្រាបការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់ថ្មីៗនេះ ក្នុងការបង្ក្រាបដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ បានព្រមានថាកម្លាំងរបស់លោកកំពុងតែត្រៀមខ្លួនខ្ពស់ជាងពេលណាៗទាំងអស់ ហើយដៃកំពុងតែស្ថិតក្នុងការកេះកៃជានិច្ច។
មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់លោក ឧត្តមសេនីយ៍ Mohammad Pakpour បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលឲ្យជៀសវាងការគណនាខុស និងការសម្រេចចិត្តខុសលើអ៊ីរ៉ង់ ដោយពេលនេះកងឆ្មាំបដិវត្តន៍អ៊ីស្លាម និងអ៊ីរ៉ង់គ្រប់ៗគ្នាកំពុងតែត្រៀមខ្លួនជាងពេលណាៗទាំងអស់ ដោយកំពុងតែចាំអនុវត្តបទបញ្ជាតែប៉ុណ្ណោះ។
គួររម្លឹកថាភាពតានតឹងនៅតែខ្ពស់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមបាតុករដែលនាំគ្នាចេញតវ៉ា ដែលបានចាប់ផ្តើមកាលពីចុងខែ ទី ២៨ ខែធ្នូ ដែលបណ្តាលមកពីការធ្លាក់ចុះនៃរូបិយប័ណ្ណរៀលរបស់អ៊ីរ៉ង់ និងក្លាយជាវិបត្តិនយោបាយក្រោយពីអាម៉េរិកអំពាវនាវឲ្យផ្តួលរលំរបបដែលដឹកនាំដោយលោកអាលី ខេមានី ដោយមានចំនួនមនុស្សជាង ៤០.០០០ នាក់ ត្រូវបានចាប់ខ្លួន និងរាប់ពាន់នាក់ត្រូវបានសម្លាប់៕