ឥណ្ឌា៖ មន្រ្តីសុខាភិបាលក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា នៅថ្ងៃ ២៣មករា បានប្រកាសឱ្យដឹងថា ខ្លួនកំពុងចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនីប៉ា (Nipah) បន្ទាប់ពីរកឃើញអ្នកឆ្លងចំនួន ៥ នាក់ និងបានប្រកាសដាក់មនុស្សជិត ១០០ នាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក)។ ក្នុងចំណោមអ្នកជំងឺទាំងអស់ មានគិលានុបដ្ឋាយិកា ២ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបានសន្លប់បាត់ស្មារតី។ នេះបើតាមការចេញផ្សាយរបស់កាសែត The Economic Times។
យោងតាមអង្គការសុខភាពពិភពលោក (WHO) វីរុសនេះមានគ្រោះថ្នាក់ខ្លាំង អាចបង្កឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកខួរក្បាលរហូតដល់ស្លាប់ ហើយបច្ចុប្បន្នវាមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់នៅឡើយទេ។